សភាកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស គាំទ្រគ្នាគ្រប់កាលៈទេសៈ លើការងារកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖សមាជិកសភាកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស ប្តេជ្ញាគាំទ្រគ្នាគ្រប់កាលៈទេសៈ លើការងារកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បីបម្រើនូវផលប្រយោជន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ។

 
សភាកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស គាំទ្រគ្នាគ្រប់កាលៈទេសៈ លើការងារកិច្ចសហប្រតិបត្តិការទ្វេភាគី

នៅរសៀលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១នេះ គណៈប្រតិភូសមាជិកសភាវ័យក្មេងនៃរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានចូលរួមកិច្ចប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ អនឡាញ ជាមួយសមាជិកសភាវ័យក្មេងនៃសភាប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកជំទាវ វ័ង ហុងយៀន (Wang Hongyan) សមាជិកសភានៃសភាប្រជាជនចិនទូទាំងប្រទេស លេខាធិការនៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល នៃសម្ព័ន្ធយុវជនបក្ស កុម្មុយនីស្តចិន និងជាប្រធានសម្ព័ន្ធយុវជនចិន ។

ឯកឧត្តម ហ៊ុន ម៉ានីបានមានប្រសាសន៍ថា កិច្ចប្រជុំនេះ បានលើកយកប្រធានបទសំខាន់ៗចំនួនបី មកពិភាក្សា រួមមាន៖

- ប្រធានបទទី១៖ «ការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការលើកស្ទួយពហុភាគីនិយម និងការកសាងវិបុលភាពសម្រាប់ មនុស្សជាតិ តាមរយៈកិច្ចគាំទ្រឥតឈប់ឈរ និងសហការគ្នាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈក្នុងអំឡុងពេល និងក្រោយជំងឺ រាតត្បាតកូវីដ-១៩»។

បទអន្តរាគមន៍ប្រធានបទទី១នេះ រួមមាន ភាគីកម្ពុជាដោយ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ភាគីចិនដោយ ឯកឧត្តម ឈិន ហ្វូលិ សមាជិកគណៈកម្មាធិការ កិច្ចការបរទេស នៃសភាប្រជាជនចិនទូទាំងប្រទេស និងឯកឧត្តម ជួ គ័ង សមាជិកសភានៃសភាខេត្តយូណាន។

- ប្រធានបទទី២៖ «ការកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គម ដោយជំងឺកូវីដ-១៩ និងការលើកកម្ពស់នូវភាពធន់ ក្រោយការ រាតត្បាតជាសកលនៃជំងឺនេះ៖ បទពិសោធន៍ និងទស្សនទាន»។ បទអន្តរាគមន៍ប្រធានបទទី២នេះរួមមាន ភាគីកម្ពុជាដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ភាគីចិនដោយ ឯកឧត្តម គួ ហុងឈាន សមាជិកសភា នៃសភាប្រជាជនចិនទូទាំងប្រទេស។

- ប្រធានបទទី ៣៖ «ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាចិន-កម្ពុជា ជាពិសេស ទំនាក់ទំនងនៃសមាជិកសភាវ័យក្មេង ប្រទេសទាំងពីរ ឆ្ពោះទៅកាន់ការពង្រឹងនីតិរដ្ឋ»។

បទអន្តរាគមន៍ប្រធានបទទី៣នេះរួមមាន ភាគីកម្ពុជាដោយ លោកជំទាវ ម៉ាណ ណាវី តំណាងស្រ្តមណ្ឌលរាជធានីភ្នំពេញ ភាគីចិនដោយ ឯកឧត្តម វ័ង សិន សមាជិកសភា នៃសភាតំបន់វិនហ្សាន ខេត្តយូណាន។

កិច្ចប្រជុំទ្វេភាគីរវាងសមាជិកសភាវ័យក្មេងកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូនេះ ប្រព្រឹត្តទៅក្នុងគោលដៅបន្តស្មារតីនៃលទ្ធផល កិច្ចប្រជុំទ្វេភាគី រវាង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនចិន ទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

តាមរយៈកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំសភា នៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចប្រជុំទ្វេភាគីរវាងសមាជិកសភាវ័យក្មេងកម្ពុជា-ចិននេះ បានសបញ្ជាក់ឲ្យឃើញពីការបន្តរក្សាចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ទាំងផ្នែកនីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ ជាពិសេសក្នុង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិក នៃរដ្ឋសភាកម្ពុជា បើទោះឋិតក្នុង ស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ក៏នៅតែបន្តបំពេញការងារយ៉ាងសស្រាក់សស្រាំដើម្បីសម្រេចលើកិច្ចការចាំបាច់នានា ដែលបម្រើប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និងប្រជាជន។

សូមបញ្ជាក់ថា ស្ថាប័នសភាប្រទេសកម្ពុជា និងចិនកន្លងមក បានពង្រឹងកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំង ២ ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំដោយថ្នាក់ដឹកនាំជំនាន់មុនៗឲ្យកាន់តែស្អិតល្មួត និងស្ថិតស្ថេរយូរអង្វែង ហើយបន្តគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ន សភាទាំង ២ នៅលើបញ្ហាតំបន់ និងអន្តរជាតិ៕

សូមចុច join link Telegram https://t.me/cngtvcambodia

 

 

ប្រភព: ក្រសួងព័ត៌មាន