គ្រឹះស្ថានអប់រំឯកជនលើកទឹកចិត្តអ្នកអាណាព្យាបាលបញ្ចូលកូនៗមកសិក្សានៅសាលារៀនផ្ទាល់ ខណៈសាលាបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាពដល់សិស្សពីជំងឺកូវីដ-១៩

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងប្រកាសបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញសម្រាប់កម្រិតមធ្យមសិក្សា ដោយអនុវត្តគោលការណ៍ស្តង់ដារសុវត្ថិភាព។ ប៉ុន្តែ គ្រឹះស្ថានអប់រំឯកជនមួយលើកឡើថា ចំនួនសិស្សានុសិស្សដែលមកសិក្សានៅថ្នាក់រៀនផ្ទាល់ហាក់ដូចជានៅមានចំនួនតិចតួចនៅឡើយ និងជម្រុញឱ្យអ្នកអាណាព្យាបាលបញ្ចូលកូនៗមករៀននៅសាលាផ្ទាល់តាមកាលវិភាគសិក្សា ដើម្បីធានាគុណភាពអប់រំឲ្យកាន់តែប្រសើរឡើង។

 
គ្រឹះស្ថានអប់រំឯកជនលើកទឹកចិត្តអ្នកអាណាព្យាបាលបញ្ចូលកូនៗមកសិក្សានៅសាលារៀនផ្ទាល់ ខណៈសាលាបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាពដល់សិស្សពីជំងឺកូវីដ-១៩

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យខេសិន បានឲ្យដឹងថា “បន្ទាប់ពីក្រសួងបានចេញប្រកាសបើកសាលារៀនឡើងវិញ ដោយអនុវត្តវិធីសាស្រ្តបង្រៀនបែបបណ្តុំ ឆ្លាស់វេនសិក្សា និងសិក្សាតាមប្រព័ន្ធអនឡាញ (Zoom)  ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក ចំនួនសិស្សមកសិក្សានៅថ្នាក់រៀនជាក់ស្តែងមានចំនួនតិច មិនដូចការរំពឹងទុក”។

ពាក់ព័ន្ធនឹងមូលហេតុចំនួនសិស្សមករៀនក្នុងថ្នាក់មានកម្រិត លោកប្រធានបានឲ្យដឹងថា “មូលហេតុទី១ ដោយសារអ្នកអាណាព្យាបាលមិនទាន់មានទំនុកចិត្តខ្ពស់លើការអនុវត្តគោលការណ៍ស្តង់ដារសុវត្ថិភាពរបស់សាលារៀន និងមូលហេតុទី២ ដោយសារអ្នកអាណាព្យាបាលនៅរង់ចាំមើលអ្នកជិតខាង ឬសាច់ញាតិបញ្ចូលកូនៗមកថ្នាក់រៀន មិនមានបញ្ហាអ្វីកើតឡើង គាត់ក៏នឹងបញ្ចូនកូនៗមករៀនផងដែរ”។

លោកប្រធានក៏បានលើទឹកចិត្តដល់អ្នកអាណាព្យាបាលបញ្ចូនកូនៗមកសាលារៀន ដោយសារបណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ទាំង១១សាខា បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីធានាសុវត្ថិភាព និងគុណភាពសិក្សារបស់សិស្សានុសិស្ស។ ទន្ទឹមនឹងនេះ សាលារៀននឹងអនុវត្តខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារសុវត្ថិភាព រក្សាចំនួនសិស្សមិនលើសពី១៥នាក់ក្នុងមួយថ្នាក់ ចំណែកសិស្សមួយក្រុមទៀតរៀនតាមប្រព័ន្ធអនឡាញ សម្រាប់សិស្សកម្មវិធីផ្សេងទៀតត្រូវរក្សាការសិក្សាតាមប្រព័ន្ធអនឡាញដដែលរហូតដល់មានការជូនដំណឹងជាថ្មី។

លោកក៏បន្តទៀតថា សាលារៀនបានបង្កើតគណៈកម្មការរក្សាបរិស្ថានអនាម័យ តម្រូវឱ្យសិស្សវាស់កំដៅនិងសម្អាតដៃជាមួយទឹកអាល់កុលជាប្រចាំ ផ្តល់ទីកន្លែងលាងដៃ  ធ្វើ Rapid Test ក្នុងករណីសង្ស័យ។ ចំពោះបុគ្គលិកគ្រូបង្រៀនត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងមុនចូលបម្រើការងារ ហើយត្រូវប្រជុំតាមប្រព័ន្ធអនឡាញបើមានចំនួនអ្នកចូលរួមច្រើន តាមដានព័ត៌មានជាក់លាក់ ជៀសវាងព័ត៌មានក្លែងក្លាយ និងមិនអនុញ្ញាតឱ្យលក់ចំណីអាហារក្នុងបរិវេណអគារសិក្សាឡើយ។

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដើម្បីឈានឆ្ពោះទៅដំណើរការអប់រំតាមគន្លងប្រក្រតីថ្មីក្នុងបរិបទកូវីដ-១៩ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១៕

សូមចុច join Telegram https://t.me/cngtvcambodia