[វីដេអូ] Ep. 98 ប្រធានបទ៖ ជំងឺរលាកថ្លើមប្រភេទ C

មេរោគថ្លើម គឺជាជំងឺឆ្លងដែលបង្កឡើងដោយសារវីរុស ហើយវិវត្តន៍ទៅជាជំងឺរលាកថ្លើម។ ជាទូទៅជំងឺរលាកថ្លើមមានច្រើនប្រភេទ មានប្រភេទ A ប្រភេទ B ប្រភេទ C ប្រភេទ D និង ប្រភេទ E។ ចំពោះមេរោគថ្លើមប្រភេទA និងមេរោគថ្លើមប្រភេទ E ការចម្លងគឺឆ្លងតាមការពិសារចំណីអាហារឬទឹកដែលផ្ទុកនៅមេរោគ។ ជំងឺរលាកថ្លើមប្រភេទA និងប្រភេទE មិនវិវត្តន៍ទៅជាជំងឺរុំាំរ៉ៃទេ។ មេរោគថ្លើមប្រភេទ B មេរោគថ្លើមប្រភេទ C និងមេរោគថ្លើមប្រភេទ D ការចម្លងគឺធ្វើតាមរយៈការជ្រៀតចូលនៃឈាមឬក៏ទឹកសិរីរាង្គរបស់អ្នកជំងឺចូលទៅក្នុងរាងកាយរបស់បុគ្គលផ្សេងទៀតឬក៏អាចឆ្លងតាមរយៈការរួមភេទ ចម្លងពីម្តាយទៅកូនកំឡុងពេលសម្រាល។

 
[វីដេអូ] Ep. 98 ប្រធានបទ៖  ជំងឺរលាកថ្លើមប្រភេទ C

ជំងឺរលាកថ្លើមប្រភេទ B ជំងឺរលាកថ្លើមប្រភេទ C និងជំងឺរលាកថ្លើមប្រភេទ Dជាញឹកញាប់តែងតែវិវត្តន៍ទៅជាជំងឺរលាកថ្លើមរុំារ៉ៃ។
រោគសញ្ញារបស់អ្នកជំងឺរលាកថ្លើមប្រភេទ C ត្រូវបានបែងចែកជាពីរដំណាក់កាល មានដំណាក់កាលស្រួចស្រាវ និងដំណាកើកាលរុំាំរ៉ៃ។ ចំពោះដំណាក់កាលស្រួចស្រាវ គឺគិតចាប់ពីពេលដែលអ្នកជំងឺឆ្លងមេរោគទៅក្នុងខ្លួនរហូតដល់រយៈពេលតិចជាង៦ខែ ហើយនៅក្នុងដំណាក់កាលស្រួចស្រាវនេះអ្នកជំងឺភាគច្រើនមិនមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែនៅពេលខ្លះអាចមានរោគសញ្ញាដូចជាគ្រុនក្តៅ អស់កម្លាំង ឈឺសាច់ដុំឡើងលឿងឬក៏មានក្អួតចង្អោល។ 

ប្រហែលជា៧៥%-៨៥%នៃអ្នកជំងឹនៅក្នុងដំណាក់កាលស្រួចស្រាវនេះនិងវិវត្តន៍ទៅជាចូលទៅក្នុងដំណាក់កាលរុំារ៉ៃ។ ដំណាក់កាលរុំារៃចាប់គិតពីរយៈពេលនៃការឆ្លងមេរោគចូលលើសពី ៦ខែឡើងទៅ នៅក្នុងដំណាក់កាលរុំារ៉ៃអ្នកជំងឺក៏មិនមានរោគសញ្ញាអ្វីផងដែរ គ្រាន់តែពេលខ្លះអាចនឹងមានអារម្មណ៍ថាអស់កម្លាំងតែប៉ុណ្ណោះ។
ដូច្នេះដើម្បីបញ្ជាក់ថាអ្នកជំងឺណាមួយមានមេរោគថ្លើមប្រភេទ Cឬក៏អត់គ្រូពេទ្យត្រូវធ្វើតេស្តឈាមដើម្បីស្វែងរកអង់ទីគ័រមេរោគថ្លើមប្រភេទC បន្ទាប់មកទៀតប្រសិនបើលទ្ធផលនៃអង់ទីគ័រប្រភេទC បង្ហាញថាវិជ្ជមាននោះគ្រូពេទ្យនឹងធ្វើតេស្តឈាមបន្ថែមដែលមានឈ្មោះថា PCR ។
ចំពោះការព្យាបាលជំងឺរលាកថ្លើមប្រភេទC បច្ចុប្បន្នមានភាពងាយស្រួលហើយក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលផងដែរបន្ទាប់ពីការរកឃើញនៃប្រភេទថ្នាំគ្រាប់ ការប្រើប្រាស់ថ្នាំគ្រាប់អាចបង្កអោយមានអត្រាការជាសះស្បើយរហូតទៅដល់លើសពី៩០%ចំពោះអ្នកមានជំងឺរលាកថ្លើមប្រភេទ C។ ការព្យាបាលចំណាយពេលប្រហែលត្រឹមតែ ២-៣ខែប៉ុណ្ណោះ។
អ្នកជំងឺរលាកថ្លើមប្រភេទC អាចប្រឈមទៅជាជំងឺគ្រិនថ្លើមឬជាជំងឺមហារីកថ្លើម ជាពិសេសអ្នកដែលមានផ្ទុកមេរោគថ្លើមប្រភេទC លើសពី២០ឆ្នាំឡើងទៅហើយគាត់មិនបានធ្វើការព្យាបាលឬមិនបានធ្វើតាមការណែនាំរបស់គ្រូពេទ្យ។ជំងឺរលាកថ្លើមប្រភេទC មិនមានវ៉ាក់សាំងការពារដូចជំងឺរលាកថ្លើមប្រភេទB ឡើយហេតុដូច្នេះហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងការពារខ្លួនដើម្បីកាត់បន្ថយសកម្មភាពទាំងឡាយណាដែលអាចប្រឈមមុខនិងការកើតជំងឺរលាកថ្លើមប្រភេទ C នេះ៕

សូមទស្សនាវីដេអូខាងក្រោម៖