វេសឡាញបន្តអភិវឌ្ឍសមត្ថភាពបុគ្គលិក និងរៀបចំផែនការស្នងតំណែង ដើម្បីការរីកចម្រើន និងរក្សានិរន្តរភាពស្ថាប័នរបស់ខ្លួន

ដោយឈរលើស្មារតីអប់រំ និងការពង្រីកបេសកកម្មអប់រំរបស់ខ្លួនជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបើកកិច្ចប្រជុំគ្រប់នាយកដ្ឋានស្តីពីការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាពបុគ្គលិកបន្ថែម និងការរៀបចំផែនការស្នងតំណែង ដើម្បីស្វែងរកបុគ្គលិកមានសក្តានុពលជំនាន់ក្រោយ ក៏ដូចជារក្សានិរន្តរភាពរបស់ស្ថាប័ន។

 
វេសឡាញបន្តអភិវឌ្ឍសមត្ថភាពបុគ្គលិក និងរៀបចំផែនការស្នងតំណែង ដើម្បីការរីកចម្រើន និងរក្សានិរន្តរភាពស្ថាប័នរបស់ខ្លួន

ក្នុងកិច្ចប្រជុំនេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកទឹកចិត្តដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ត្រូវមានផែនការអភិវឌ្ឍអាជីព និងសមត្ថភាពរបស់ខ្លួនក្នុងរយៈពេល៣ឆ្នាំ ទៅ៥ឆ្នាំ តើពួកគាត់ចង់ក្លាយជាអ្វី? និងចង់បានតំណែងណា?នៅក្នុងស្ថាប័ន។ បើសិនពួកគាត់មិនអាចកំណត់ផែនការបាន នោះទាំងបុគ្គលិក និងស្ថាប័នអាចប្រឈមនឹងបញ្ហាកង្វះធនធានមនុស្ស ក៏ដូចជាប៉ះពាល់ដល់ផែនកាអភិវឌ្ឍរបស់ស្ថាប័នផងដែរ។

ទន្ទឹមនឹងនោះដែរ លោកឧកញ៉ាជម្រុញដល់បុគ្គលិកថ្នាក់ដឹកនាំ និងបុគ្គលិកចូលបម្រើការងារថ្មីទាំងអស់ត្រូវចូលរៀនវគ្គបណ្តុះបណ្តាលទម្លាប់ល្អទាំង៧ (7 Habits for Highly effective People) វគ្គបណ្តុះបណ្តាល Action Learning និងវគ្គជំនាញដទៃទៀត ព្រមទាំងចុះហាត់ការងារជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពឲ្យក្លាជាអ្នកដឹកនាំឆ្នើម ក៏ដូចជាបង្កើតប្រសិទ្ធការងារឲ្យបានប្រសើរឡើង។

លើសពីនេះ លោកឧកញ៉ាបានរំលឹកដល់ប្រធាននាយកដ្ឋាន និងនាយកសាលាទាំងអស់ត្រូវរៀបចំផែនការស្នងតំណែងតាមរយៈការត្រួតពិនិត្យ និងសង្កេតបុគ្គលិកក្រោមបង្គាប់ដែលមានសក្តានុពល ផ្តល់ការតម្រង់ទិសការងារ ផ្ទេរភារកិច្ចការងារមួយចំនួន និងផ្តល់វគ្គបណ្តុះបណ្តាលបន្ថែម ដើម្បីពួកគាត់ឈានឡើងទៅតំណែងបន្ទាប់។

សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប ផ្តល់សេវាកម្មអប់រំចំណេះទូទៅខ្មែរ កម្មវិធីមត្តេយ្យភាសាខ្មែរនិងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ កម្មវិធីភាសាចិន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។  ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ វេសឡាញ មានសាលារៀនស្តង់ដារជាតិ៖ សាលារៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១សាខា សាលាភាសាអង់គ្លេសលីឌឺលែន ១សាខា សាលារៀនសហគមន៍២១ ៣សាខា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា និងមានសាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា ព្រមទាំងសិស្សជាង ១៣ ០០០នាក់ និងបុគ្គលិក ១ ២០០នាក់