ការចូល និងចេញម្លប់របស់ជនជាតិខ្មែរ

ប្រវត្តិដែលនាំឱ្យកកើតជាទំនៀមទម្លាប់នៃការចូល-ចេញម្លប់នេះ មាន អធិប្បាយនៅក្នុងសៀវភៅ “ប្រជុំរឿងព្រេងខ្មែរភាគទី៩” របស់ពុទ្ធសាសនបណ្ឌិត្យ។ ឯការរៀបចំពិធីក្នុងពេលចូល-ចេញម្លប់ ក៏មានអធិប្បាយនៅក្នុងសៀវភៅ “តន្រ្តីនិងជីវិតខ្មែរ” និងក្នុងសៀវភៅ “ការចូល-ចេញ ម្លប់របស់លោក គិន ណន” ផងដែរ។

 
ការចូល និងចេញម្លប់របស់ជនជាតិខ្មែរ

១. រឿង​​​​ ព្រេង​ទាក់ទងនឹងពិធីចូលម្លប់

           មានរឿងមួយតំណាលថា​ កាលនោះមានមហាចោរម្នាក់ពុំមានភរិយាបានសង់ផ្ទះមួយខ្នងយ៉ាងល្អសណ្ដាប់​ នៅក្នុងព្រៃស្មសានដាក់ទ្រព្យរបស់ មានមាសប្រាក់ ​សំពត់ អាវ សាវស្បៃជាដើម ដែលខ្លួនទៅលួចប្លន់គេបានអំពីផ្សេងៗមក។ មហាចោរនោះលុះចំណេរកាលក្រោយមក ក៏រំពឹងគិតថា​ “អាត្មាអញមានទ្រព្យសម្បត្តិដល់ម្លឹងដែរហើយ តែទាស់ត្រង់ថាគ្មាននរណាថែរក្សា គិតសព្វគ្រប់ទៅការខំប្រឹងរបស់អញនេះ​ ដូចជាគ្មានបានការអ្វីសោះ ! ព្រោះថាបើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះនឹងទៅជារបស់អសារឥតការគួរឲ្យស្ដាយ បើមានកូនប្រពន្ធគ្រាន់នឹងសុីមត៌កនោះទៅអាវ៉ា អាត្មាអញនឹងមិនសូវជាស្ដាយពេក។ គិតហើយមហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុករំពៃគយគន់កើលហ្វូងស្រីប្រុសដែលនាំគ្នាលេងខ្ញៀវខ្ញារនៅក្រោមដើមម្លប់ឈើ។ លុះគយគន់ទៅឃើញនាងតូចមួយនោះមានរូបឆោមស្អាតសមរម្យ មានសាច់ឈាមថ្លា ថ្លៃថ្នូគួរឲ្យស្រឡាញ់ ក៏និយាយលួងលោមកូននោះឲ្យបែកចេញពីហ្វូង ហើយក៏បញ្ឆោតនាំយកទៅដល់ផ្ទះផងខ្លួន។ ដោយខ្លាចកូនក្មេងនោះលួចរត់ទៅរកម៉ែឪវាវិញព្រមទាំងការពារកុំឲ្យម្ដាយឪពុកវាតាមទៅរកឃើញ មហាចោរក៏យកក្មេងនោះទៅលាក់ទុកក្នុងបន្ទប់យកសោរចាក់យ៉ាងខ្ជាប់ខ្ជួន។ រាល់ពេលបាយ ឬពេលចំណីអាហារឆ្ញាញ់ៗមក មហាចោរតែងហុចតាមបង្អួចមួយតូចទៅឲ្យនាងបរិភោគ។”

           ក្មេងស្រីនោះនៅក្នុងម្លប់ក៏ចេះតែចម្រើនសាច់ឈាមរាល់ថ្ងៃជាលំដាប់។ លុះនាងពេញវ័យក្រមុំ ការដែលនាងមិនមានត្រូវពន្លឺព្រះអាទិត្យ និងមិនបានជាន់ដី បណ្ដាលឲ្យនាងមានជំងឺស្គមស្គាំងស្លេកស្លាំង។ មហាចោរភ័យណាស់ មិនដឹងថាកូនមានការណ៍អ្វី ក៏ត្រាប់ទៅក្នុងភូមិមួយឆ្ងាយ ទើបបានជួបនឹងដូនចាស់ម្នាក់ធ្លាប់ធ្វើឆ្មបក៏និយាយអញ្ជើញសុំអង្វរដូនឲ្យមកជួយមើលកូនខ្លួន។

           យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាងហើយក៏បានយល់ការណ៍ ក៏ប្រាប់នាងថា” ចៅយាយអើយ! ចូរចៅកុំព្រួយអ្វី! ចៅឈឺនេះគឺគ្មានអ្វីក្រៅអំពីជំងឺគ្រប់ប្រការទេ គឺពេលដែលនាងផ្លាស់ប្តូរវ័យនេះឯងហើយ ដែលធ្វើឲ្យនាងចេះតែរសាប់រសល់ ចុកខ្នង​ចុកចង្កេះ ល្ហិតល្ហៃ ទន់ដៃទន់ជើង កុំព្រួយអ្វីណា៎ចៅ! ចាំយាយផ្សំថ្នាំឲ្យចៅនាងញាំឲ្យបានធូរស្រាលឆាប់រហ័ស” ។ ថាហើយយាយម៉បក៏ទៅរកស្ទោះសំបកឈើមកផ្សំថ្នាំ ដាំឲ្យនាងនោះអាស្រ័យ ហើយផ្ដាំថា​ ” ចៅអើយ! ចៅយកថ្នាំនេះទៅហាលថ្ងៃឲ្យស្ងួត ហើយរកថូ ឬឆ្នាំងអ្វីមួយដាក់ទុកទៅ ពេលនាងដឹងថាជិតដល់រដូវកាលហើយ ចូរនាងយកមួយកញ្ចប់មកដាំញាំ ៤-៥ថ្ងៃទៅ នោះនាងនឹងបានធូរស្រាលក្នុងខ្លួនដូចបំណង ហើយសាច់ឈាមពណ៌សម្បុររបស់នាងក៏រឹតតែល្អឡើងដែរ ”។

           លុះកូនស្រីមហាចោរផឹកថ្នាំបានធូរស្រាលស្បើយរោគហើយ យាយម៉បក៏ចូលទៅសំពះសុំលាមហាចោរត្រឡប់ទៅផ្ទះសំបែងវិញ។ មហាចោរបានយកមាសប្រាក់ជូនជាទ្រនឹបរង្វាន់យាយម៉ប ហើយជូនត្រឡប់ដល់ផ្ទះវិញ។ ពេលរៀបចេញដំណើរចេញពីផ្ទះមហាចោរទៅ យាយម៉បនឹកក្នុងចិត្តថា”កន្លែងមហាចោរនេះឆ្ងាយដាច់ស្រយាលពីភូមិស្រុកគេណាស់ ឯព្រៃទៀតសោត ក៏ញឹកស្ងាត់ជ្រងំគួរឲ្យខ្លាច ប្រសិនបើអញត្រូវការចង់មករកទីនេះវិញ ធ្វើម្ដេចនឹងរកផ្លូវមកឃើញ!” នឹកឃើញសព្វគ្រប់ហើយ គាត់ក៏រកបានគ្រាប់ឪឡឹកមួយបង្វេចយកមកតាមខ្លួនដើរតាមក្រោយមហាចោរមក ដើរបណ្ដើរ ចាប់គ្រាប់ឪឡឹករោយបណ្ដើររហូតមកដល់ផ្ទះគាត់។

           តទៅនេះ នឹងថ្លែងចាប់សាដើមបន្តិច អំពីពេលដែលយាយម៉បបានទៅនៅថែទាំកូនចោរនោះមក គាត់តែងតែសង្កេតមើលឫកពា និងរូបឆោមកូននោះល្អ ក៏ចេះតែកួចចិត្តទុកនឹងសម្លឹងមើលរកកូនកម្លោះរូបណាមួយឲ្យស័ក្តិសមគ្នានឹងនាង។

           ថ្ងៃមួយអាស្រ័យបច្ច័យហេតុផលពីបុព្វេបណ្ដាលឲ្យចិត្តមានម្នាក់ដែលត្រឡប់ពីរៀនវិជ្ជាការឲ្យចង់ចូលទៅសុំសម្រាកនៅផ្ទះយាយម៉បនោះសិន ត្បិតថ្ងៃកាន់តែជ្រេ កម្លាំងក៏អស់ ហេវបាយ ផ្លូវទៅមុខទៀតក៏ឆ្ងាយ ក្រែងយប់កណ្ដាលផ្លូវនឹងមានភ័យច្រើន ក៏រូតរះចូលទៅសំពះដូនចាស់សុំស្នាក់នៅមួយយប់។ ដូនចាស់កំពុងតែនឹងដណ្ដាំបាយបរិភោគ ជួនក្រឡេកឃើញមាណពចូលមកសំពះសុំស្នាក់ ក៏មានចិត្តសប្បុរសទទួលឲ្យនៅ ហើយដាំបាយបណ្ដើរ សំណេះសំណាលបណ្ដើរសួរអំពីពូជពង្សបណ្ដើរ។ លុះអាស្រ័យបាយរួច​​ និងទុកដាក់ចានក្បានស្រេច យាយម៉បដែលចេះតែលបសង្កេតរូបឆោមមាណពនៅតាំងតែពីចូលមក ក៏បង្ហើបសំណួរថា”​ ចៅអើយ​ ! ពីកាលដែលចៅលាឪពុកម្ដាយមកស្វែងរកតម្រិះនេះ​ តើឪពុកម្ដាយចៅមានស្ដីដណ្ដឹងកូនចៅអ្នកណាទុកឲ្យហើយឬនៅ? ”។

           ចៅមាណពតបថា” មិនទាន់មាននៅឡើយទេ! ” ហើយបន្តសម្ដីថា” ខ្ញុំនឹកថា ប្រសិនបើនៅពេលដែលខ្ញុំធ្វើដំណើរកាត់ស្រុកភូមិគេនេះ​ បានជួបស្ត្រីណាមួយមានលក្ខណៈសមរម្យល្អ ខ្ញុំនឹងយកគេជាប្រពន្ធហើយ! តើលោកយាយមានបានស្គាល់កូនចៅលោកអ្នកណាដែលល្អនៅក្នុងស្រុកភូមិរបស់យាយនេះដែរឬទេ? ”។

           ចៅអើយ! (យាយម៉បនោះឆ្លើយ)​ នៅក្នុងស្រុកភូមិនេះ មិនឃើញមានស្ត្រីណាម្នាក់ដែលស័ក្តិសមនឹងចៅទេ ប៉ុន្តែជីដូនធ្លាប់បានឃើញស្ត្រីម្នាក់ដែរ នាងនោះជាកូនមហាចោរនៅក្នុងព្រៃឆ្ងាយដាច់ស្រយាលឯនោះ។ យាយម៉បក៏និយាយរៀបរាប់អំពីដំណើរការណ៍ដែលគាត់បាន​ទៅឃើញនាងនោះ និងបានសង្កេតឃើញឫកពាសមរម្យ។ ឮពាក្យសរសើររបស់យាយម៉ប មាណពនោះអន្ទះសាបង់ឃើញរូបនាង ក៏អង្វរឲ្យយាយជូនទៅ។ ទេចៅ!(យាយម៉បប្រកែក) យាយជូនទៅមិនបានទេ ព្រោះយាយខ្លាចមហាចោរនោះណាស់ ធម្មតាចិត្តមហាចោរតែដល់មានការអ្វីមិនស្រួលកើតឡើង វាមុខជាមកសម្លាប់យាយចោលហើយ!។ យាយចាស់ហើយ តែយាយនៅចង់រស់នៅឡើយ។ ចូរចៅជឿជាក់ថា​ យាយចង់ឲ្យចៅ និងនាងនៅបានគ្នាជាប្តីប្រពន្ធណាស់ ព្រោះតាំងពីកាលយាយបានឃើញនាងមក ទោះពេលយាយចេញដើរទៅផ្សារផ្សោ ទៅកាន់ភូមិនានា ទៅសង្គ្រោះគេក្ដី យាយតែងតែគន់សម្លឹងមើលរាល់ថ្ងៃ តែមិនប្រទះឃើញបុរសកំលោះណាម្នាក់ឲ្យសមល្មមនឹងចិត្តយាយសោះ ទើបតែពេលនេះចៅមកដល់ចំជាមហាលោកហើយ ចៅគេងឲ្យស្រួលទៅ ព្រឹកស្អែកចាំចៅចេញដំណើរទៅរកនាង។

           នៅពេលយប់នោះបុរសចេះតែគិតសព្វគ្រប់ ដេកក៏មិនលក់ដោយសារប្លែកកន្លែងផង ទន្ទឹងឲ្យតែឆាប់ភ្លឺផង ណាមួយគិតបារម្ភពីដំណើរក្នុងព្រៃតែម្នាក់ឯងផង ណាមួយគិតដល់គ្រោះថ្នាក់ជាមួយនឹងមហាចោរ លុះយប់យន់ទើបបុរសគេងលង់លក់ទៅ។

           ពេលមាន់រងាវភ្លឺស្រាងៗ យាយម៉បក្រោកដណ្ដាំបាយរកម្ហូបក្រៀមក្រោះ ទឹកបំពង់ទុកបម្រុងជាស្បៀងឲ្យមាណពធ្វើដំណើរ។ លុះមាណពក្រោកឡើងហើយ យាយក៏ឲ្យស្រស់ស្រូប រួចប្រគល់កញ្ចប់អាហារសម្រាប់ហូបតាមផ្លូវ ហើយនាំបង្ហាញតម្រុយដើមឥឡឹកឲ្យទៅចៅមាណពធ្វើដំណើរចេញទៅ។

           នែចៅ!(យាយម៉ប) ចូរចៅដើរតាមជួរដើមឥឡឹកនេះទៅចុះ! ចៅនឹងបានទៅដល់ផ្ទះនាងនោះហើយ ែតថា​ចូរចៅប្រយ័ត្នខ្លួនឲ្យមែនទែនណា! ចៅទៅចុះ!​ សូមឲ្យបានសេចកក្ដីសុខ ឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នា បើមានសត្រូវមកពីមុខឲ្យរំលង បើមកពីខ្នងឲ្យរលាយណាចៅណា។

           មាណព ក្រាបប្រណិប័តន៍លាលោកយាយ ហើយក៏ចេញដំណើរទៅ។ ថ្ងៃបន្តិច​ទើបទៅដល់សំណាក់មហាចោរ។ គាប់ជួនពេលនោះ មហាចោរមិននៅ ចេញទៅរកប្លន់គេបាត់ ទុកតែកូនស្រីនៅចាំផ្ទះម្នាក់ឯង។ នាងកំពុងតែដើរត្រុក បោសច្រាសផ្ទះសម្បែងតាមទម្លាប់ ពុំមានគិតក្រែងធ្វីឡើយ។ ឯចៅមាណពនោះទៅលបគយគន់ឃើញសព្វគ្រប់ហើយ​ ដឹងថានាងនៅម្នាក់ឯង ក៏ប្រថុយស្រែកហៅ។ នាងឮសូរមាត់មនុស្សចម្លែក ក៏ភ័យណាស់ គិតថា តើអ្នកណាអេះ! ហ៊ានចូលមកដល់ទីនេះ?!។ ប៉ុន្តែនាងក្រឡេកទៅឃើញយយុវបុរសជាអ្នកមានឫកពាសុភាពរាបសាល្អ មិនគួរឲ្យខ្លាច នាងក៏បើកទ្វារ ហៅបុរសនោះចូល ហើយនិយាយសាកសួរសំណេះសំណាលគ្នាទៅវិញទៅមក មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលរាក់ទាក់សំណេះសំណាលតាមផ្លូវលោកិយ ដោយសុខចិត្តសុខកាយលើកជាស្វាមី ហើយនាំយកទៅលាក់មិនឲ្យមហាចោរជាឪពុកចិញ្ចឹមដឹងឡើយ។

           ប៉ុន្ដែ ក្នុងកាលជាបន្ទាប់មក មហាចោរសង្កេតឃើញ​ឫកពាកូនស្រីរបស់ខ្លួនជានិច្ចកាល ធ្វើការងារសព្វសារពើក្នុងផ្ទះដោយមិនចាំបាច់ឪពុកតឿនឡើយ ដូចជាចង់ផ្គាប់ផ្គុនមនុស្សណាម្នាក់​ ដែលជាទីពេញចិត្ត។ មហាចោរនឹកសង្ស័យថា “នាងនេះ ច្បាស់ជាមានប្រុសសាហាយហើយ!” ក៏នឹកតូចចិត្តនឹងកូនស្រី លាយសេចក្ដីខ្មាសអៀនអាសាហាយនាងនោះផង ក៏ដើរចោលទីកន្លែងនោះទៅ។

           ឯទាំងពីនាក់ប្តីប្រពន្ធនៅក្នុងព្រៃយូរបន្តិចទៅ មិនឃើញមហាចោរនោះត្រឡប់មកវិញ ក៏នាំគ្នាចុះមករកក្នុងភូមិស្រុកនឹងគេ។ លុះមកដល់ភូមិស្រុកហើយ ក៏ចូលទៅអរគុណនឹងយាយម៉ប ព្រមទាំងជួនរង្វាន់គាត់ខ្លះទៀតផង។ យាយម៉ប មានចិត្តត្រេកអរណាស់ ដើរប្រាប់អ្នកជិតខាងឲ្យមកមើលនាង ដោយថ្លែងបូរបាច់ប្រាប់គេថា “ នាងនេះ មានរូបឆោមលោមពណ៌ជិតល្អ មកអំពីគេនៅតែក្នុងម្លប់ ដល់ចេញពីម្លប់ក៏មានប្ដីតែម្ដង ”។

           អ្នកស្រុក ឃើញដូច្នោះ នាំគ្នាយកកូនដែលដល់អាយុគ្រប់ការ ទៅឃាំងក្នុងម្លប់ ដើម្បីឲ្យបានល្អដូចគេ ហើយក៏ជាប់ជាទំនៀមទម្លាប់រហូតមក។

២. លក្ខខណ្ឌនៃការចូលម្លប់
           គេឱ្យកូនស្រីចូលម្លប់ នៅពេលដែលនាងមានវ័យគ្រប់ការ ។ បានសេចក្តីថា កូនស្រីនោះមានរដូវជាដំបូង ក្នុងលើកទី១។ លោកយល់ថាកាល ណាមានរដូវហើយ នោះអាចរៀបការបង្កើតកូនចៅបន្តវង្សត្រកូលបានហើយ។ ធាតុអាកាសទឹកដីប្រទេសខ្មែរ បានបង្កលក្ខណៈភាគច្រើនចំពោះ កូនស្រីច្រើនគ្រប់ការនៅក្នុងអាយុ១៤ឆ្នាំ គេនិយមទុកដាក់កូនស្រីឱ្យ មានស្វាមីពីដើម ច្រើនប្រព្រឹត្តិនៅពេលនាងអាយុបាន១៥-១៦ឆ្នាំ។ គេមិនសូវទុកឱ្យកូនស្រីនៅលើវឱ្យហួសពីអាយុ២០ឆ្នាំឡើយ។ អាយុចាប់ពីឆ្នាំនេះឡើងទៅ ហើយនៅមិនទាន់មានប្ដី គេហេហៅថាក្រមុំចាស់ឬក្រមុំសៅកែ ដែលជាពាក្យសៀម សាវប្រែថាក្រមុំ កែប្រែថាចាស់។ ការនៅទំនេរឱ្យ ចូលដល់ភាពក្រមុំចាស់នោះ ច្រើនទទួលពាក្យរិះគន់ថា អេលក់មិនដាច់ ចាស់ជ្រៅ ដែលបានសេចក្ដីថាសេសសល់។ ប្រការនេះបានធ្វើឱ្យគ្រួសារ អាប់មុខអាប់មាត់ ព្រោះកូនស្រីនោះមានលក្ខណៈសម្បត្តិមិនល្អ ពិសេស ខ្វះចរិយាសម្បត្តិហើយ បានជាគ្មានរណាលង។

           បញ្ហានេះ ចាស់ៗសម័យនោះ ច្រើនពោលថា “មានកូនស្រីលំបាក ណាស់ ដូចសង់បង្គន់មុខផ្ទះ” បានសេចក្តីថា តែមានការខុសឆ្គងបន្តិច គ្រួសារអាចនឹងបានទទួលកេរ្តិ៍ឈ្មោះស្អុយអាស្រូវភ្លាម។ តែប្រសិនបើនាង ពិការ ឬនាងខ្លះមានគេដណ្ដឹងដែរ តែមានចិត្តស្នាលាមិនចង់យកប្តី ក៏ជាប្រការអនុគ្រោះគេមិនពេបជ្រាយដែរ។ ហេតុនេះក្នុងគ្រួសារដែលមានកូន ស្រីនីមួយៗ តែងប្រឹងប្រែងយកចិត្តទុកដាក់អប់រំកូនចៅណាស់ ដើម្បីឱ្យគេ ទទួលស្គាល់ថាជាពូជល្អ។ ចំពោះការចូលស្តីដណ្តឹងកូនស្រីភាគច្រើន គេច្រើនសម្លឹងមើលម្តាយឪពុក ពិសេសគឺម្តាយសំខាន់បំផុត ព្រោះម្តាយថា អ្នកទទួលបន្ទុកការអប់រំច្រើនជាងឪពុក។ ទោះជាកូនប្រុសក៏ដោយ ការលើកកូនក្រមុំឱ្យក៏គេមើលម្តាយមើលពូជដែរ។ គេច្រើនឱ្យតម្លៃដោយ ពោលថា៖ “ស្លឹកឈើជ្រុះមិនឆ្ងាយពីកល់ទេ”។ ទោះបីកូនស្រីប្រុស នោះមានរូបសម្បត្តិអន់បន្តិចក៏ដោយ ក៏គេអនុគ្រោះដែរ គេអធ្យាស្រ័យ ហើយពោលថា “អាក្រក់ៗចុះឱ្យតែល្អ នៅៗចុះឱ្យតែស”។ បានសេចក្តីថា នាង ឬអ្នកនោះមានរូបអន់បន្តិចមែន តែមានចរិយាសម្បត្តិល្អនិងប្រកប ដោយទឹកចិត្តទូលាយ គឺចិត្តបាន លោកពឹងពាក់បាននៅពេលលោកចាស់ ឬមានធុរៈ។
           នៅពេលចូលម្លប់ ត្រូវមានចិត្តតស៊ូ អំណត់ព្យាយាម ខន្តី។ល។ គឺនាង ត្រូវតស៊ូទ្រាំទ្រក្នុងការរស់នៅក្នុងបន្ទប់ ហើយទទួលយកភាពច្រំដែលៗគ្រប់ប្រការ ដែលជាសត្រូវនឹងចិត្តមនុស្សលោក។ អំណត់ចំពោះការតមក្នុង ការទទួលទាន មិនឱ្យបរិភោគសាច់សត្វ បានសេចក្ដីថាហូបម្ហូបបួស គឺបរិភោគតែចាយជាមួយផ្លែឈើ (ចេក ល្ង សណ្តែកដី...)។ ព្យាយាម ក្នុងការសិក្សាលើគ្រប់វិជ្ជារបស់ស្ត្រី ដែលនាងនឹងត្រូវរាប់រងជាមេគ្រួសារ នៅថ្ងៃអនាគត ដោយមានការអនុវត្តលើវិជ្ជា ដេរ ប៉ះ ប៉ាក់... រួមទាំង ទ្រឹស្ដីរបស់ស្ត្រីដែលមានក្នុងសាស្រ្តា ក្បួនច្បាប់ផ្សេងៗ។ ពិសេសបំផុតពី លើចរិយាសម្បត្តិ ដែលចង់ឱ្យនាងមានចរិយាសុភាពរាបសារ ទៅតាម លក្ខណៈខ្មែរ គ្រប់ឥរិយាបថ ដេក ដើរ ឈរ អង្គុយ... ពិសេសការ និយាយស្តី ឱ្យទន់ភ្លន់ហើយត្រឹមត្រូវ កុំប៉ប៉ាច់ប៉ប៉ោចឥតបានការ យល់តាមកាលៈទេសៈ ព្រោះលោកយល់ថា “អណ្តាតជាអាទិ៍កន្លង បានសុខ ទុក្ខផង ពីព្រោះអណ្តាត”។ ឱ្យនាងស្រគត់ស្រគំ តែមិនមែនឱ្យនាង ទុយមួយមិនហ៊ាននិយាយទេ គឺត្រូវចេះទទួលភ្ញៀវដោយរាក់ទាក់ និងសមគួរ។ នាងត្រូវរៀនធម៌រក្សាសីល មានខ្លះគេមិនឱ្យទទួលទានបាយល្ងាច ដូចដូនជីកាន់សីល១០ ទៀត ពីព្រោះបំណងចង់បង្រៀនឱ្យនាងចេះមានចិត្ត ខន្តី សង្កត់អត់ទ្រាំនូវកំហឹងនិងសេចក្តីទុក្ខកង្វល់។ ពិសេសចេះរក្សាភ្នក់ភ្លើងកុំឱ្យឆាបឆេះ ហើយត្រូវចេះពន្លត់ ដើម្បីឱ្យរស់ក្នុងភាពត្រជាក់។ ការតមមិនឱ្យនិយាយរកបុរសក្នុងពេលចូលម្លប់ ក៏ជាបំណងល្អដែរ ព្រោះនាងនៅក្មេងមិនទាន់យល់បញ្ហាវែងឆ្ងាយ មិនយល់ពីភាពភ្លើងរវាងធាតុញីឈ្មោល។ បញ្ហានេះអាចបង្អាក់ចិត្តនាងឱ្យចេះបារម្ភភ័យខ្លាច ចំពោះការទាក់ទងជាមួយភេទផ្ទុយ។


៣. ពិធីបញ្ចេញកូនស្រីពីម្លប់
           ចំពោះការរៀបចំពិធីបញ្ចេញកូនស្រីពីម្លប់ ក៏បានផ្តល់អត្ថន័យឱ្យនាងដែរ ដូចជា៖

           ៣.១. ពិធីបុកល័ក្ខធ្វើធ្មេញ៖ អាចារ្យបានយកទឹកល័ក្ខមកលាបធ្មេញឱ្យបៀម ដែលប្រកបទៅដោយរសល្វីងចត់។ តែពេលសួរ បង្គាប់ឱ្យនាង ឆ្លើយប្រាប់វិញថា មានរសផ្អែម គឺព្រោះឱ្យនាងចេះសង្កត់ចិត្ត ហើយចេះបម្លែងកាឡៃភាពគ្រោតគ្រាតមករកភាពល្អវិញ។

           ៣.២. ពិធីកាត់ត្បាល់៖ ក្នុងន័យទៅរកកាប់ឈើធ្វើស្គាល់សម្រាប់បុកល័ក្ខឱ្យនាង ដែលក្នុងពេលនោះគេច្រៀងបទសុរិន្ទ្រ ឬអង្គររាជ ប្រកបទៅដោយសួរ រណ្តំស្រងេះស្រងោច អាចនាំទឹកចិត្តដ៏ស្អាតទើបចេញម្លប់នោះកើតក្ដីស្រណោះ គឺស្រណោះទឹកដីដោយបណ្ដុះបាននូវមនសិការស្នេហាជាតិ ។

           ៣.៣. ពិធីដេកអង្កររាប៖ ជាការអប់រំឱ្យនាងដឹងពីគុណមាតាដែលពិបាកអាចធ្វើឱ្យនាងទ្រាំពិបាកក្នុងការទទួលទានដំណេក សម្រាន្ត និងតស៊ូទ្រាំទ្រការលំបាកក្នុងពេលមានផ្ទៃ គឺនៅពេលយប់គេឱ្យនាង ទទួលទានដំណេកលើអង្ករ ដោយបង្កប់របស់របរផ្សេងៗមាននាឡិ កក់ ត្រល់ជាដើម អាចធ្វើឱ្យនាងពិបាកក្នុងការទទួលទានដំណេក។
           ៣.៤. ពិធីកប់ល័ក្ខ៖ គេឱ្យកូនស្រីយកចបជីកដី ហើយដាំដើមចេក ដើម អំពៅដោយកប់ល័ក្ខជាមួយ ដើម្បីបញ្ចប់ពិធី គឺព្រោះឱ្យនាងយល់ថា មាន តែពាក្យផ្អែមល្ហែមដូចចេក និងអំពៅទេ ដែលគ្រប់លក្ខណៈនៃស្ត្រី អាចធ្វើឱ្យ ជីវិតរស់ក្នុងសុភមង្គល។

           និយាយរួម ពិធីនេះគឺជាមធ្យោបាយដែលមានឥទ្ធិពល អាចអូសទាញ ចិត្តកូនស្រីដែលទើបពេញវ័យ ឱ្យកើតចិត្តរំភើបចំពោះការឆ្លងដំណាក់កាល ពីកុមារីមកកាន់ភាពក្រមុំ ហើយក៏អាចឱ្យនាងយល់ថា នេះជាលក្ខណៈរបស់ ធម្មជាតិផ្តល់ឱ្យរាល់រូបស្ត្រីសុទ្ធតែមានរដូវ កុំឱ្យនាងមានការភិតភ័យបារម្ភ តែនាងត្រូវប្រមូលអារម្មណ៍ត្រៀមលក្ខណៈចំពោះជីវិតអនាគត ឆ្លៀតចំពោះពិធីបញ្ចេញម្លប់ មានរៀបចំកម្មវិធីដ៏ច្រើន មាននិមិត្តរូបផ្សេងៗសម្រាប់បញ្ជាក់ប្រាប់នាង។ នៅឱកាសនោះ នាងជាអ្នកដើរតួឯកដែលឋិតនៅក្នុងវ័យដ៏ក្មេង នាងបានទ្រាំទ្រចូលរួមក្នុងរយៈពេលដ៏យូរ និងក៏អាចដឹកនាំនាងឱ្យចេះទទួលបានការលំបាកមួយដែរ។

           បច្ចុប្បន្នអ្នកនៅទីប្រជុំជន គេបានបោះបង់ចោលអស់ហើយ ចំពោះការរៀបចំពិធីឱ្យកូនស្រីចូល-ចេញម្លប់។ តែចំពោះស្រុកភូមិខ្លះ ដែលនៅតំបន់ដាច់ស្រយាល យើងបានទទួលព័ត៌មានថា គេនៅមានរៀបចំពិធី នេះឱ្យកូនស្រីដែរ។ ឯការវាយតម្លៃចំពោះស្ត្រីដែលនៅលីវរហូតដល់ចំណាស់ក៏បានស្រុតចុះ ព្រោះស្ត្រីត្រូវបានចូលរៀនរហូតដល់ថ្នាក់ឧត្ដម ឬក្រោយឧត្តមក៏មានច្រើន ដែលមានរយៈពេលយូរ។ ចំពោះបំណងចង់ឱ្យរូបកាយឡើងសម្រស់ និងសស្អាត វិទ្យាសាស្ត្របានចូលជួយដោះស្រាយ ដោយមានលក់យ៉ាងច្រើនសម្បូរបែប និងមានការកែច្នៃកាយអវយវៈផងដែរ។ ប៉ុន្តែគួរនាងក្រមុំៗធ្វើការពិចារណាចំពោះសីលធម៌របស់សង្គមខ្មែរ ដែលនៅនិយមស្រឡាញ់ស្ត្រីប្រកបទៅដោយចរិយាសម្បត្តិស្រគត់ស្រគំ ទន់ភ្លន់សុភាព ទឹកមុខញញឹមរាក់ទាក់។ គេក៏នៅចង់ បានស្ត្រីដែលចេះថ្នមភ្នក់ភ្លើងមិនឱ្យឆេះ ស្ត្រីដែលមានចិត្តខន្តី អំណត់ព្យាយាម ឧស្សាហ៍ព្រមទាំងចេះដឹងគុណមាតាបិតា ឬអ្នកមានគុណដដែល៕