កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់កាន់តែខ្លាំង ក្នុងបរិការណ៍ថ្មីនៅក្នុងតំបន់ និងសកល

ភ្នំពេញ៖ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថា ពាណិជ្ជកម្មរវាងកម្ពុជា-ចិន នឹងមានការ កើនឡើងជាលំដាប់ ទោះបីប្រទេសទាំងពីរ ក៏ដូចជាពិភពលោកកំពុងរងនូវវិបត្តិកូវីដ-១៩ក៏ដោយ។

 
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់កាន់តែខ្លាំង ក្នុងបរិការណ៍ថ្មីនៅក្នុងតំបន់ និងសកល

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២ ក្រោមមូលបទ “ដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន” តាមប្រព័ន្ធវីដេអូពីចម្ងាយនាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ រៀបចំឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ហ៊ង គុនមីង សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានឃោសនានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តចិន។

 

ឯកឧត្តម សុខ សុភ័ក្ត្រ បានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រំពឹងថា ទំហំនេះនឹងកើនដល់ ១០ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ខាងមុខ។

 

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រៅពីការសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ កន្លងទៅ ទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតល្មួតជារៀងរាល់ឆ្នាំ តាមរយៈការគាំទ្រ និងការផ្តល់ភាពបទបែនឱ្យគ្នានៅក្នុងកិច្ចចរចា ក្នុងក្របខ័ណ្ឌតំបន់ និងសកល។

 

កម្ពុជា-ចិនក៏បានចុះកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងពិធីសារនានាទាក់ទងនឹងពាណិជ្ជកម្ម-វិនិយោគ ដែលផ្តល់កាលានុវត្តភាពក្នុងការពង្រឹងពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែទូលាយ និងទំនើប។

សូមចុច join link Telegram https://t.me/cngtvcambodia

ឯកឧត្តមរដ្ឋលេខាធិការធិការបានបញ្ជាក់ថា អ្វីដែលជាមោទកភាពបំផុត គឺការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលភាគីទាំងពីរកំពុងជំរុញនីតិវិធីសេសសល់ ដើម្បី ឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមានឆាប់ៗខាងមុខនេះ។

ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់ទស្សនៈទានគន្លឹះចំនួន៩ ជូនអង្គវេទិកា សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូចតទៅ៖ ១) ការពិនិត្យធ្វើបច្ចុប្បន្នកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ដែលបានចុះហត្ថលេខាជាង១០ឆ្នាំកន្លងទៅ,

 ២) ការជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP),

៣)ការសហការជិតស្និទ្ធលើការកែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក និងការចរចានានា ដើម្បីបម្រើឱ្យផលប្រយោជន៍នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍,

៤) ការពន្លឿននីតិវិធីផ្ទៃក្នុងសម្រាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CCFTA ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅដើមឆ្នាំ២០២២,

៥) ការបង្កើនល្បឿនរបស់កម្ពុជាក្នុងការធ្វើវិសោធនកម្មច្បាប់ និងរចនាសម្ព័ន្ធស្ថាប័ន ព្រមទាំងដាក់ចេញនូវវិធានការសម្រួលពាណិជ្ជកម្ម វិធានការនិងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការនិងការបើកច្រកទីផ្សារដោយមិត្តចិន និងការចូលមកវិនិយោគលើវិស័យអាទិភាព,

៦) ការបង្វែរការពឹងផ្អែករបស់ចិនលើការនាំចូលពីប្រទេសមួយចំនួន មកជាការវិនិយោគនៅកម្ពុជាលើផលិតផលទាំងនោះ (ពិសេសវិស័យចិញ្ចឹមសត្វ, វារីវប្បកម្ម, កសិកម្មនិងកែច្នៃគ្រឿងឧបភោគបរិភោគ, កៅស៊ូ, ផលិតផលកសិកម្មសម្រាប់នាំចេញ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សិប្បកម្ម លនិងល) សម្រាប់នាំចេញត្រឡប់ទៅបំពេញសេចក្តីត្រូវការនៅចិនវិញ, 

៧) ការបន្តជំរុញកិច្ចសហប្រតិបតិ្តការលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដោយឈរលើគោលការណ៍ «ភាពជាដៃគូដែលមានប្រយោជន៍ទៅវិញទៅមក» «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» និង «វិបុលភាពរួមគ្នា»,

៨) ការចាប់ផ្តើមគិតគូរធ្វើបច្ចុប្បន្នកម្មលើកិច្ចសហប្រតិបត្តិការនានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន មុនពេលកម្ពុជាទទួលតួនាទីជាប្រធានកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២,

៩) ការបន្តធ្វើសហប្រតិបត្តិការទ្វេភាគី ឱ្យបានគ្រប់លំដាប់ថ្នាក់ ពិសេសតាមយន្តការនៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិន សំដៅបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ, ធ្វើកំណែទម្រង់ និងអភិវឌ្ឍវិស័យហិរញ្ញវត្ថុ, និងអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម។

ឯកឧត្តមបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់ ក្នុងបរិការណ៍នៃការរីករាលដាល ជាសកលនៃជំងឺកូវីដ១៩ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក៕

ប្រភព: ក្រសួងពាណិជ្ជកម្ម