កុមារតូចនឹងជួបបញ្ហាប្រឈមលើការអភិវឌ្ឍជំនាញមូលដ្ឋានទាំង៥ ប្រសិនពួកគេមិនបានមកសិក្សានៅថ្នាក់រៀនផ្ទាល់

គ្រឹះស្ថានអប់រំ និងវិទ្យាស្ថានបណ្តុះបណ្តាលភាគច្រើនបានចាប់ផ្តើមបើកទ្វារទទួលសិស្ស និសិត្សចូលក្នុងថ្នាក់រៀនផ្ទាល់ជាធម្មតា និងតាមប្រព័ន្ធអនឡាញ។ ប៉ុន្តែការមកសិក្សានៅថ្នាក់រៀនផ្ទាល់របស់កុមារតូចនៅមានចំនួនតិចតូចនៅឡើយ ដែលអ្នកជំនាញខាងវិស័យអប់រំមើលឃើញពីបញ្ហាប្រឈមដល់ការអភិវឌ្ឍជំនាញមូលដ្ឋានទាំង៥ របស់កុមារតូច ខណៈគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនពង្រឹងវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំ និងអ្នកសិក្សា។

 
កុមារតូចនឹងជួបបញ្ហាប្រឈមលើការអភិវឌ្ឍជំនាញមូលដ្ឋានទាំង៥ ប្រសិនពួកគេមិនបានមកសិក្សានៅថ្នាក់រៀនផ្ទាល់

លោក គង់ សំនៀង ប្រធាននាយកប្រតិបតិ្តការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានឳ្យដឹងថា កុមារមួយចំនួនមិនបានវិលមកសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់ទេ និងខ្លះទៀតហួសអាយុចូលសិក្សា ដោយសារអ្នកអាណាព្យាបាលខ្លះមិនទាន់មានទំនុកចិត្តនិងមិនមានអារម្មណ៍សុវត្ថិភាពលើវិធានការការពាររបស់សាលារៀន និងទុកកុមារនៅផ្ទះបន្តទៀត ដែលអាចធ្វើឳ្យកុមារតូចងាយជួបបញ្ហាប្រឈមនានា និងប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកទាំង៥ ដែលជាជំនាញមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងជីវិតរស់នៅ។

លោកក៏ស្នើដល់អ្នកអាណាព្យាបាលជឿជាក់លើវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ របស់សាលារៀន ក្នុងបំណងបញ្ជូនកុមារតូចមកសិក្សានៅថ្នាក់រៀនផ្ទាល់ ដើម្បីជួយជម្រុញការអភិវឌ្ឍផ្នែកទាំង៥របស់កុមារប្រកបដោយភាពវិជ្ជមាន។

សូមជម្រាបថាកុមារមានជំនាញចំនួន ៥ ដែលត្រូវអភិវឌ្ឍដែលមានដូចជា៖

ទី១ ការអភិវឌ្ឍចលនាសាច់ដុំធំ ៖ គឺជាការពង្រឹងចលនារបស់សាច់ដុំតាមរយៈការលោតចុះឡើង លូនក្រាប រត់លេង តោងជាដើម។

ទី២ ការអភិវឌ្ឍចលនាសាច់ដុំតូច ៖ គឺជាការធ្វើចលនារបស់សាច់ដុំតាមរយៈការកាន់ខ្មៅដៃសរសេរ គូសគំនូ ផាត់ពណ៌ កាត់ក្រដាស់ បើកទំព័រសៀវភៅ។

ទី៣ ការអភិវឌ្ឍការនិយាយ និងភាសា ៖ សំដៅលើសមត្ថភាពប្រើប្រាស់ភាសានិយាយបា្រស័យទាក់ទងជាមួយមិត្តរួមថ្នាក់ រួមជាមួយនឹងការបង្រៀនរបស់គ្រូក្នុងការប្រើប្រាស់ពាក្យពេចផ្សេងៗ។

ទី៤ ការអភិវឌ្ឍបញ្ញា និងស្មារតី ៖ កុមារមានសមត្ថភាពការអានអក្សរ រាប់លេខ និងកំណត់រូបរាងទ្រង់ទ្រាយវត្ថុផ្សេងៗ។

ទី៥ ការអភិវឌ្ឍផ្នែកសង្គម និងអារម្មណ៍ ៖ គឺសំដៅលើការរាបអាន សហការ និងទំនាក់ទំនងជាមួយកុមារដទៃទៀត ការសម្តែងអារម្មណ៍សប្បាយរីករាយ និងមិនពេញចិត្តជាដើម។

អ្នកជំនាញផ្នែកអប់រំខាងលើបានបន្តទៀតថា ដោយមានការអនុញាតិពីក្រសួងអប់រំ យុវជន និងកីឡា បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងណត្សឡាញន៍បានបើកឳ្យសិស្សមកសិក្សានៅថ្នាក់រៀនផ្ទាល់ និងតាមប្រព័ន្ធអនឡាញតាមកម្រិត និងដំណាក់កាលនីមួយៗ ហើយសម្រាប់វគ្គសិក្សាថ្មីដែលចូលរៀនថ្ងៃទី១ ខែកុម្ភៈខាងមុខនេះ សាលារៀននឹងទទួលតុមារតូចចាប់ពីអាយុ៣ឡើងផងដែរ។

លោកក៏បានបញ្ចាក់ផងដែរថា ចាប់តាំងពីការបើកដំណើរការសាលារៀនទាំង១១សាខាឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២១មកនេះ សាលារៀនមិនមានករណីអ្នកឆ្លងកូវីដនោះទេ។

ទន្ទឹមនឹងនេះ លោកបានស្នើសុំការសហការពីអ្នកអាណាព្យាបាលជួយរៀបចំម៉ាស់ ទឹកអាលកុល រៀបចំម្ហូបអាហារ និងនំចំណីអាហារសម្រាប់កូនៗ និងផ្តល់ព័ត៌មានផ្សេងៗពីសុខភាពរបស់កុមារ ឬការពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺកូវីដ ១៩ ដល់សាលារៀន ដើម្បីការចាត់វិធានការឳ្យទាន់ពេលវេលាក្នុងធានាសុវត្ថិភាពរបស់កូនៗលោកអ្នក និងសិស្សដទៃទៀត។

លើសពីនេះ លោកក៏សំណូមពរដល់អ្នកអាណាព្យាបាលនាំកូនៗទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាអំណោយរបស់រដ្ឋាភិបាល ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដ៏ដូចជាផ្តល់ឪកាសឳ្យកូនៗបានមកសិក្សានៅថ្នាក់រៀនផ្ទាល់ឡើងវិញ។

គួរបញ្ជាក់ថា កំឡុងពេលនៃចាត់វិធានការទប់ស្តាត់ការរីករាលដាលជំងឺកូវីដ១៩ គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទូទាំងប្រទេស បានផ្អាកដំណើរមួយរយៈ។ បន្ទាប់ពីចាត់វិធានការចាក់ស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បានធ្វើឳ្យចំនួនឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ១៩ មានការថមថយ ដែលនាំឳ្យ

រដ្ឋាភិបាលសម្រេចចិត្តចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញជាធម្មតា៕

Join Telegram https://t.me/cngtvcambodia